មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល ប្រារព្ធខួប ៧​ឆ្នាំ នៃការឈរលើ សមរ​ភូមិ​ព័ត៌មាន (មានវិដេអូ)

Looking Today ·

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ គឺជាខួបលើកទី៧ឆ្នាំ នៃការឈានចូលបម្រើ និងប្រកួតប្រជែងលើសមរ ភូមិព័ត៌មាន ដើម្បីផ្តល់នូវដំណឹងគ្រប់រស់ជាតិទាំងអស់ បម្រើដល់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយនឹងការឈានចូលក្នុងសមរភូមិព័ត៌មាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦ ដោយការបញ្ច្រៀបខ្លួនចូលទីផ្សារ ព័ត៌មាន ដ៏សែនចង្អៀតនោះ ដើមអម្ពិល បានចាប់ផ្តើមជាមួយកាសែតខ្នាត A3 ១២ទំព័រ ទំព័រ Color ខាងមុខ និងខាងក្រោយ ហើយស-ខ្មៅ ទំព័រខាងក្នុង។

ដោយសារកម្លាំងចិត្ត នៃការគាំទ្ររបស់មិត្តអ្នកអានជនរួមជាតិកម្ពុជា បានធ្វើឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលផ្តើមឡើងជាមួយកាសែតដើមអម្ពិល បានពង្រីក និងវិវឌ្ឍន៍ខ្លួនជាលំដាប់។ ជាមួយនឹងបទពិសោធន៍ជាអ្នក យកព័ត៌មាន ដ៏ចំណាស់មួយនៅកម្ពុជា និងជាអ្នកព័ត៌មានគ្រប់និន្នាការនោះ លោក សយ សុភាព ជាអគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន រួមនិងសហសេវិកពេញដោយបទពិសោធន៍លើវិស័យព័ត៌មានរបស់លោកជាច្រើនទៀត នោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឈានដល់ការពង្រីកខ្លួនពីខ្នាត A3 មកជាទំហំធំជាងមុនគឺ A2 និងចេញផ្សាយ ៣ លេខក្នុងមួយសប្តាហ៍ នាពេលបច្ចុប្បន្ន។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានឈានដល់ការបង្កើតវិទ្យុអេហ្វអឹម ៩៣.៧៥មេហ្គាហឺត មានកម្លាំងផ្សាយ ១០គីឡូ ផ្សព្វផ្សាយគ្រប់ដណ្តប់ទូទាំងរាជធានីភ្នំពេញ និងនៅតំបន់មួយចំនួនតាមបណ្តាខេត្តជិតៗ រាជធានីភ្នំ ពេញផងដែរនៅឆ្នាំ ២០១០។  វិទ្យុដើមអម្ពិល បានធ្វើការផ្សព្វផ្សាយព័ត៌មានខ្លីជារៀងរាល់ម៉ោង និងព័ត៌មាន ពេញម៉ោងរយៈ ៣ ម៉ោង ក្នុងមួយថ្ងៃ ក្រៅពីការផ្សាយព័ត៌មាន វិទ្យុដើមអម្ពិលនៅមានផ្សាយនូវកម្មវិធីផ្សេងៗ ជាច្រើនទៀត ដូចជា បទសម្ភាសន៍ និងវេទិកាពហុមតិជាដើម ពោលស្ថានីយ៍វិទ្យុដើមអម្ពិល ព្យាយាមផលិតនូវ ព័ត៌មាន និងកម្មវិធីជាច្រើនទៀត ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងត្រូវការ និងមិនអាចកាត់ផ្តាច់បានពី វិស័យព័ត៌មាននោះ។

មហិច្ឆតា នៃការផ្តល់ព័ត៌មាន ក្នុងនាមជាអ្នកព័ត៌មាន ដែលមានបទពិសោធន៍បម្រើការឲ្យទីភ្នាក់ងារព័ត៌មានក្យូដូ ជប៉ុននោះ លោក សយ សុភាព និងសហសេវិកឆ្នើមរបស់លោក លោក លឹម ជាវុត្ថា ក៏បានឈានមួយជំហ៊ានទៀត ទៅបង្កើតគេហទំព័រ ឬហៅថា ប្រព័ន្ធព័ត៌មានអនឡាញ ដោយប្រសិទ្ធនាមថា គេហទំព័រដើមអម្ពិលនៅឆ្នាំ១៥ វិច្ឆិកា ២០០៩ នាទីក្រុង បុរាណអង្គរ ខេត្តសៀមរាប ។

គេហទំព័រដើមអម្ពិល www.dap-news.com ជាគេហទំព័ត៌មានមួយ បានបំពេញបេសកកម្មយ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយផ្តល់នូវព័ត៌មានគ្រប់រស់ជាតិ និងរូបភាពដល់ប្រិយមិត្ត របស់ខ្លួន ហើយក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែរ ទោះបីជំហានដំបូងសេវាកម្មអ៊ិនធើណេតមិនទាន់ទូលំ ទូលាយយ៉ាងណាក្តី។ ជាពិសេសគេហទំព័រព័ត៌មានមួយនេះ ត្រូវបានគេចាត់ទុកថា ជាទំព័រព័ត៌មានទាន់ហេតុ ការណ៍នៅកម្ពុជា ពោលរាល់ព័ត៌មាន និងហេតុការណ៍ផ្សេងៗគេហទំព័រព័ត៌មានដើមអម្ពិល តែងតែផ្តល់បានមុន ជាប់ជានិច្ច ។

គ្រាដែលវិស័យព័ត៌មានកាន់តែទូលំទូលាយ និងមានសេរីភាពកាន់តែខ្លាំង ក្នុងសម័យសកលភាវូបនីយកម្ម និង សម័យដែលមានបច្ចេកវិទ្យាកាន់តែទំនើបនោះ នៅថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១១ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានឈាន ដល់ការបង្កើតគេហទំព័រព័ត៌មានថ្មីមួយទៀត ឈ្មោះថា Looking TODAY www.lookingtoday.com ដែលបាន ជាសំខាន់ទៅលើព័ត៌មានកម្សាន្ត បច្ចេកវិទ្យា កីឡា សង្គម និងព័ត៌មានផ្សេងៗទៀត ហើយបច្ចុប្បន្នបានទទួលនូវការគាំទ្រយ៉ាងច្រើនពីសំណាក់ម្ចាស់ពាណិជ្ជកម្មនានា ។

ក្រោយមានវត្តមានលើវិថីព័ត៌មានត្រឹមរយៈពេលប្រមាណជា ២ឆ្នាំក្រោយមក គេហទំព័រមួយនេះ ក៏ទទួលបានការ គាំទ្រ ដោយមានអ្នកទស្សនាមិនក្រោម១០ម៉ឺននាក់នោះឡើយ។

ការរៀបរាប់ខាងលើនេះ គឺជាប្រវត្តិដ៏សង្ខេបរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ ជាមួយនឹងការឈានមកដល់ នៃខួប៧ឆ្នាំ ក្រោយពេលបានដើរឆ្លងកាត់ភាពល្បីល្បាញ ជាមួយការគិតគូរ ស្រាវជ្រាវគ្រប់ពេលវេលា និងឧបស័គ្គ ជាច្រើននោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកបានថ្លែងអំណរគុណជា ដំបូង ជាមួយដៃគូរគាំទ្រជាម្ចាស់ក្រុមហ៊ុនតូចធំនានា ដែលបានផ្តល់កម្លាំងចិត្ត និងបន្តក់នូវទឹកសន្សើមប្រោសព្រំ ពួនជ្រុំឲ្យដើមអម្ពិលលូតលាស់ជាបន្តបន្ទាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម ដ៏ច្រើន។

បច្ចុប្បន្នបុគ្គលិក មជ្ឈមណ្ឌល ព័ត៌មានដើមងម្ពិល មានសរុបទាំងអស់ចំនួន ១២៦នាក់ ជាបុគ្គលិកពោរពេញដោយសមត្ថកិច្ចក្នុងធ្វើការ ដូចជាការងារ ផែ្នកផលិតព័ត៌មាន នៅទីស្នាក់ការ និង តាមបណ្តាខេត្តក្រុង  ការងារផ្នែកបច្ចេកទេស កិច្ចការផ្នែកទីផ្សារ ពិធិករវិទ្យុ ការងារផែ្នកសិល្បៈ អ្នកប្រែសម្រួល អត្ថបទ និងបុគ្គលិកផ្សេងទៀត ។

លោក សយ សុភាព បានថ្លែងថា «ខ្ញុំពិតជាអរគុណដ៏ធំធេងដល់ម្ចាស់ពាណិជ្ជកម្មទាំងអស់ ពិតណាស់បើគ្មានការ គាំទ្រផ្នែកពាណិជ្ជកម្មពីដៃគូទាំងអស់នេះទេ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចដំណើរការទៅមុខ និងរីកធំ ធាត់ដូចបច្ចុប្បន្នបានឡើយ។ ជាពិសេសការគាំទ្ររបស់ម្ចាស់ពាណិជ្ជកម្ម បានជួយផ្តល់ការងារជាច្រើនកន្លែងដល់ ពលរដ្ឋកម្ពុជា ដែលកំពុងបំពេញការងារប្រៀបបានគ្រួសារតែមួយ នៅក្រោមដំបូលមជ្ឈមណ្ឌលព័ត៌មាដើម អម្ពិល»។

លោក សយ សុភាព ក៏មិនភ្លេចផងដែរ ជាមួយនឹងការនិយមចូលចិត្តអាន និងតាមដានព័ត៌មានពីសំណាក់មិត្តអ្នក អានរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស។

លោក សយ សុភាព ក៏បានប្រសិទ្ធពរជ័យសេរីបវរមហាប្រសើរចូលកើតមានដល់ម្ចាស់ពាណិជ្ជកម្ម និងមិត្តអ្នកអាន ទាំងអស់ ឲ្យបានជោគជ័យគ្រប់ពេលវេលាលើវិថី នៃការប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ។

លោក សយ សុភាព បានប្រកាសដាក់ចិត្តដាក់កាយ ខិតខំអស់សមត្ថភាព ផលិតព័ត៌មាន និងផ្តល់ព័ត៌មានឲ្យ បានកាន់តែច្រើន សម្បូរណ៍បែប និងទាន់ពេលវេលាដល់ម្រិយមិត្តអ្នកអានរបស់ខ្លួនទាំងអស់។

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពីសកម្មភាពនានា របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្នុងរយៈពេល ៧ឆ្នាំមក នេះ។

សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

ចែកចាយទៅកាន់
  • Google+ Google+
មតិ​យោបល់​ចំពោះ​ព័ត៌មាន​នេះ