ប៊ុន លីម៉ា ទទួល​ស្គាល់​ទំនាក់ទំនង​ស្នេហា​ជាមួយ លីឡា

ភ្នំពេញ៖ លោក ប៊ុន លីម៉ា ជាតារាសម្តែងស្រស់សង្ហាមួយដួង នៅក្នុងស្រទាប់យុវវ័យ ដែលមហាជនទូទៅ ស្គាល់យ៉ាងច្បាស់ តាមរយៈការសម្តែងនៅ ក្នុងខារ៉ាអូខេបទចម្រៀង និងនៅតាមស្ពតពាណិជ្ជកម្មនានា ដែលបានចាក់ បញ្ចាំងនៅលើកញ្ចក់ ទូរទស្សន៍ ។

តារាសម្តែងវ័យ២៤ឆ្នាំរូបនេះ បានឈានជើង ចូលប្រឡូកក្នុងសិល្បៈ អស់រយៈពេល ៥ឆ្នាំមកហើយ គឺគិត ចាប់តាំងពីឆ្នាំ ២០០៨ មក ។ ការឈានជើងចូលប្រឡូក ក្នុងពិភពសិល្បៈដំបូង លោក ប៊ុន លីម៉ា បានដាក់ពាក្យចូលប្រឡង ប្រកួតប្រជែង ក្នុងកម្មវិធី Freshie Girls & Boys ឆ្នាំ២០០៨ ដែលមានបេក្ខជន ចូលរួមប្រកួតប្រជែង រាប់ពាន់នាក់ ។

តែនៅក្នុងការប្រឡងកម្មវិធីនោះ តារាសម្តែងវ័យក្មេងសាច់សស្រស់សង្ហា ប៊ុន លីម៉ា មិនបានទទួលជ័យលាភីនោះទេ គឺគ្រាន់ តែបានបង្ហាញវត្តមាន ត្រឹមតែវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្តតែប៉ុណ្ណោះ ។ បន្ទាប់ពីមិនទទួលបានជ័យលាភី ក្នុងកម្មវិធី Freshie Girls & Boys ឆ្នាំ២០០៨រួចមក លោក ប៊ុន លីម៉ា ក៏មិនបានបោះបង់ ឱកាសសិល្បៈចោលឡើយ ពោលគឺលោកកាន់ តែចូលជិតអាជីពមួយនេះ កាន់តែខ្លាំងឡើងៗ រហូតដល់មានក្រុមហ៊ុន និងបណ្តាផលិតកម្មធំៗ ទាក់ទងលោកឲ្យសម្តែង ។

លោក ប៊ុន លីម៉ា ត្រូវបានមហាជន និងស្រទាប់យុវវ័យ ស្គាល់យ៉ាងច្បាស់តាមរយៈបទ "ឈឺឡើងលែងចង់ឈឺ" របស់លោក អាន គុណកូឡា នៅក្នុងផលិតកម្ម សាន់ដេ ។ មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ ក៏ធ្លាប់សម្តែងឲ្យផលិតកម្មធំ ៗក្នុងស្រុកមួយចំនួនទៀត ដូចជាផលិតកម្ម ថោន J-tone , ប៊ិកមែន ,និងផលិតកម្ម អឹម ជាដើម ។

ខណៈសម្តែងខារ៉ាអូខេ ជាមួយតារាសម្តែងស្រី ដែលស្លៀកពាក់សិចស៊ី និងក្រមិចក្រមើមកញ្ញា លីឡា បានជាច្រើនបទរួចមក ស្រាប់តែពេលនេះ លោក ប៊ុន លីម៉ា លេចឮព័ត៌មានថា កំពុងតែមានទំនាក់ទំនង ស្នេហាជាមួយកញ្ញា លីឡា ដែលជាតារាសម្តែង នៅក្នុងខារ៉ាអូខេជាមួយគ្នា ។

ជុំវិញការលេចឮខាងលើនេះ តារាសម្តែងរូបសង្ហាលោក ប៊ុន លីម៉ា បានប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ថា" ខ្ញុំពិតជាមានទំនាក់ទំនងស្នេហាជាមួយ លីឡា ពិតមែន ។ តែទំនាក់ទំនងស្នេហាខ្ញុំជាមួយ លីឡា នេះគឺគ្រាន់តែជាការសម្តែង នៅក្នុងខារ៉ាអូខេ បទចម្រៀងតែប៉ុណ្ណោះ ។ ចំណែកនៅខាងក្រៅវិញ ពួកយើង គឺគ្រាន់តែរាប់អានគ្នា ជាមិត្តភក្តិរួម អាជីពតែប៉ុណ្ណោះ"។

លោក ប៊ុន លីម៉ា បានបង្ហើបឲ្យថា "តាមពិត មហាជនមួយចំនួន គាត់បានយល់ច្រឡំថា ខ្ញុំនិងលីឡា ពិតជាមានទំនាក់ទំនង ស្នេហាជាមួយគ្នាពិតមែន ។ មិនត្រឹមតែមហាជន ខាងក្រៅសិល្បៈទេ សូម្បីតែអ្នកដឹកនាំសម្តែង ក៏គាត់ថា ខ្ញុំទាំងពីរនាក់ សម្តែងជាសង្សារសមគ្នា ព្រោះខ្ញុំទាំងពីរសម្តែងទៅ ស្និទ្ធស្នាលជាមួយគ្នា ដូចសង្សារពិតប្រាកដមែន"។

លោក ប៊ុន លីម៉ា បានឲ្យដឹងថា បច្ចុប្បន្នលោកគ្មានទំនាក់ទំនង ស្នេហាជាមួយស្រីណានោះទេ ព្រោះរាល់ថ្ងៃលោក ជាប់រវល់យ៉ាងខ្លាំង ហើយរឿងស្នេហាលោក ក៏មិនទាន់ចង់គិតគូដែរ ។ លោកបានអះអាងថា ចង់ប្រឡូកក្នុងសិល្បៈឲ្យ បានទទួលជោគជ័យសិន ចាំគិតពីរឿងគូស្រករជាក្រោយ ក៏មិនទាន់ហួសពេលដែរ ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ប្រភព៖ Looking Today